ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។
បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែងរួចមកហេីយឃេីញថា ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត” ហេីយក្រុមការងារបានធ្វើកំណត់ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។
ហើយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្តាល ក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត” ផងដែរ ដោយបាន ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុច ៖ ដូចមាននៅក្នុងលិខិតលេខ ០៥២ សជណ បស្ថ.កណ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពី ករណីបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន។
បើទោះបីមន្ទីរជំនាញបរិស្ថានចុះទៅពិនិត្យ ហាមឃាត់ម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះក៏ដោយ បច្ចុប្បន្ននេះ ទីតាំងខាងលើនៅតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ៕