ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏ដូចជាពុទ្ធបរិស័ទ នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គីរីរម្យ» បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើម និងបានកសាងកន្លែងវិបស្សនាទំនើប និងមានភាពស្រស់ស្អាតជាទីបំផុត ហើយសាកសមនឹងកន្លែងដែលអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃធម៌របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង។ នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានលើកឡើងថា កន្លែងវិបស្សនា ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានបង្ហាញពីគុណធម៌ ដែលឯកឧត្តម បានផ្តល់ជូនមជ្ឈមណ្ឌល គឺបានជំរុញឱ្យចិត្តស្អាត បរិស្ថានស្អាត គឺមានន័យថាបរិស្ថានផ្លូវចិត្តស្អាត ដោយសារការចម្រើនសមាធិ នាំឱ្យបរិស្ថាននៅក្រៅស្អាត និងធ្វើឱ្យមានសុខុដុមរមនា ក្នុងការចម្រើនព្រះធម៌។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគម្រោងរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ យោងតាមទស្សនៈ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។
តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕