សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

11

នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ​ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ​រាជទូតជប៉ុនប្រចាំនៅ​កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមណ្ឌលផ្តល់សេវាវះកាត់» នៃ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។សម្តេចធិបតី បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តសៀមរាប ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានល្អប្រសើរ និងសប្បាយរីករាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការដូរឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ។ សម្តេចបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសាងសង់អគារមន្ទីរពេទ្យជាមួយការបំពាក់ឧបករណ៍ទំនើបបម្រើដល់វិស័យសុខាភិបាល។ អគារវះកាត់ថ្មីនេះ មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អគារវះកាត់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរ​ពេទ្យ​តេជោកោះធំ និងមន្ទីរពេទ្យតេជោសន្តិភាព ដែលសម្តេចធិបតីសម្ពោធ បាន​ផ្តល់​​គុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជានិច្ចកាល សម្ដេចតេជោ ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញ​ឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រម ទាំងមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដូចជាសេវាពិគ្រោះជំងឺ, សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និង សេវាសម្រាកព្យាបាល និងថែទាំ។ ការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង​ពីរទសវត្សរ៍​ចុង​ក្រោយនេះ មិនអាចកើតមានឡើយ ប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងការកើនឡើងនៃការទទួល បានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើរឡើង នៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាព បានធ្វើឱ្យសុខភាព, សុខុមាលភាព និង គុណភាព ជីវិតរបស់ប្រជាជនកម្ពុជា ប្រសើរឡើង ជាមួយនឹងអាយុកាលមធ្យមសង្ឃឹមរស់កាន់តែវែង។ សម្តេចបានថ្លែងអំណរគុណប្រជាជន និងរាជរដ្ឋាភិបាល​ជប៉ុន ដែលបានផ្ដល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជាឡើងវិញនៅក្រោយសង្គ្រាមជាង២ទសវត្សរ៍កន្លងមក​នេះ​។ ជាពិសេសការជួយគាំទ្រ ក្នុងវិស័យសុខាភិបាល ដូចជាហេដ្ឋារចនា​សម្ព័ន្ធ​រូប​វ័ន្ត,​ការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើប​ៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួន ដូចជា មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និង​ទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីនៃខេត្តបន្ទាយមានជ័យ, មន្ទីរ​ពេទ្យ​បង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្ត​ស្វាយរៀង, មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងពេលនេះ មន្ទីរពេទ្យបង្អែកខេត្ត​សៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់ ដែលមានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប។ ការប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ នឹងក្លាយជាកាដូរធំសម្រាប់ពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញប្រមាណ ៣លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រែក្លាយពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ជាការស្តែងឱ្យឃើញពីគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល មិនមែនមានតែលើក្រដាសនោះទេ។សម្តេចធិបតីបានថ្លែងថា ការជួយមនុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងសមត្ថភាពមន្ទីរពេទ្យខេត្តសៀមរាប ក៏ជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់អ្នកទេសចរ ដែលមកលេងកម្សាន្តនៅសៀមរាប។សម្តេចធិបតីបានថ្លែងកោតសរសើរចំពោះមន្ត្រីសុខាភិបាល, គ្រូ​ពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេស ការផ្តល់សេវាសុខភាពដល់​ប្រជា​ពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគមន៍, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និង អង្គការមិន​មែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជា​ពិ​សេសការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមកនេះ។ សម្តេចធិបតីបន្តថា ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កំពុងស្ដារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នសុខភាព ជាយថាហេតុ ក្នុងពេលអនាគត, វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ក្នុងវិស័យសុខាភិបាល ដែលកម្ពុជាសម្រេចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព, ជាពិសេស ការឈានទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល, ដែលគ្មានប្រជាជន​ណា​ម្នាក់ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធន មនុស្សជាអាទិភាព ព្រោះមនុស្សដែលមានសុខភាពល្អជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្តោតលើ អាទិភាពចំនួន ៥ ដើម្បីអភិវឌ្ឍមូលធនមនុស្ស គឺ៖ ១). ការបង្កើនគុណភាពសិក្សាអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២). ការបង្កើនជំនាញបច្ចេកទេស និង ការបណ្ដុះបណ្ដាល, ៣). ការលើកកម្ពស់សុខភាព និង សុខុមាលភាព, ៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធ អាហារូបត្ថម្ភ, និង ៥). ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពង់ខ្ពស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅយុទ្ធសាស្ត្រនៃ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» គឺបន្តកាត់បន្ថយការឈឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺ ជាពិសេស ជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឈានទៅសម្រេចគោលដៅខាងលើនេះ កម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយ
អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល គឺការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល តាមរយៈ ១). ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារ ងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលបានប្រកាសឱ្យអនុវត្តកាលពីខែ តុលា ឆ្នាំ ២០២៣ និង ២). ការពង្រីករបបថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាង ៣ លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាព សេវាសុខាភិបាល និង ការពង្រឹង សមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតលើ៖ ទី១. ពង្រឹងសមត្ថភាពផ្តល់ សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតប នឹងការគម្រាមសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣. កសាងភាពជាដៃគូរឹងមាំរវាង វិស័យសុខាភិបាល សាធារណៈ និង វិស័យឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណ- ភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាចំណុចសំខាន់ ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ។ បើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំគ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវ​រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រម​សីល​ធម៌​វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះ​ត្រង់, សុចរិតភាព