ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

22

គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន។

យោងតាមរបាយការណ៍ឯកឧត្តម ខៀវ ភារិទ្ធ អនុប្រធានអចិន្ត្រៃយ៍សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ចំនួន ២២លើកហើយ ក្នុងនោះខេត្តព្រៃវែង មាន ១៩លើក និងខេត្តបន្ទាយមានជ័យ ចំនួន ៣លើក។ ដោយឡែកសម្រាប់ខេត្តបាត់ដំបង គឺជាលើកទី១ ដែលក្រុមគ្រូពេទ្យ បានចុះមកកាន់ស្រុកបាណន់។

ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្នក្រុមពេទ្យស្ម័គ្រចិត្ត ស សុខា មានជំនាញ៨ផ្នែក ទី១.ផ្នែកអេកូសាស្ត្រ ទី២.ផ្នែកវះកាត់តូច ទី៣.ផ្នែកជំងឺទូទៅ ទី៤.ផ្នែករោគស្ត្រី ទី៥.ផ្នែកកុមារ  ទី៦.ផ្នែកទន្តសាស្ត្រ ៧.ផ្នែកឱសថ ទី៨.ផ្នែកពិនិត្យ និងចុះឈ្មោះបឋមដែលផ្នែកនីមួយៗ និងថ្មីៗនេះក៏បានបន្ថែមផ្នែកជំងឺភ្នែកមួយទៀតផងដែរ ដោយផ្នែកនីមួយៗមានលោកគ្រូ អ្នកគ្រូពេទ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធព្យាបាលជាច្រើនឆ្នាំមកហើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលជានិច្ចជាកាលបានចុះធ្វើសកម្មភាពមនុស្សធម៌ប្រកបដោយការទទួលខុសត្រូវជូនប្រជាពលរដ្ឋ និងបានចាត់ទុកបេសកកម្មនេះ ថាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបានចក្ខុវិស័យ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាល ពីព្រោះក្រុមគ្រូពេទ្យដែលអញ្ជើញមក សុទ្ធតែជាអ្នកមានចំណេះជំនាញ និងបទពិសោធច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានទទូចទៅកាន់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រតិបត្តិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវខិតខំថែរក្សាសុខភាពទាំងខ្លួនឯង និងកូនចៅ ដែលជាអនាគតនៃអ្នកបន្តវេនទាំងក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ និងសូមផ្ដល់ការដាស់តឿននេះទៅកាន់សមាជិកក្រុមគ្រួសាររៀងៗខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ឱ្យបានច្រើនកុះករដែលព្រឹត្តិការណ៍នេះត្រៀមរៀបចំពិធីបើកនៅក្រុងបាត់ដំបង ក្រោមអធីបតីភាពសម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕