ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ

10

បាត់ដំបង ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវាទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរបានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធីដ៏លឿនរហ័សដែលមន្ត្រីបានបំពេញជូនពួកគាត់។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលខ្លីជាមួយបងប្អូនប្រជាពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដំណើរក្នុងចំងាយផ្លូវជាង ១២០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារ ក៏កំពុងមានភាពមមាញឹកក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករផងដែរ។

បងប្អូនពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្តរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍រំភើបរីករាយប្រកបដោយភាពកក់ក្ដៅ រង់ចាំទទួលការសំណេះសំណាលខ្លីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនបងប្អូនពលករថា ការអនុវត្តនីតិវិធីងាយស្រួលជាងមុនសម្រាប់ដំណើរវិលចូលប្រទេសរបស់បងប្អូន គឺជាការប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាដ៏ខ្ពង់ខ្ពស់រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញ និងចូលរវាងពលរដ្ឋនៃប្រទេសទាំងពីរ នាឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តមអភិសន្តិបណិត ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែន ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសដើម្បីអបអរសាទរឆ្នាំថ្មីជាមួយក្រុមគ្រួសារ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រាដែលមានអ្នកដំណើរចេញចូលច្រើននេះ៕