ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅស្រុកក្រគរ

20

ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថ នគរបាលជាតិ និងកម្លាំងជលផល ដែលមានភារកិច្ចប្រចាំការឈរជើងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងភូមិសាស្រ្តជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិសាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
ពិធីនេះ នៅអនុវិទ្យាល័យ បឋមសិក្សា កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា មានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោសាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលជលផល លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៏ទោ ស្នងការ ស្នងការដ្ឋានទាំង៧ និងនាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានអ.ហ.ផ.ទ។

នៅក្នុងឱកាសនៃការជួបសួរសុខទុក្ខ និងសំណេះសំណាលនេះឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បាននាំយកថវិការចំនួន៥.៦០០.០០០រៀល(ក្នុង០១នាក់ = ១០០.០០០រៀល)ទឹកភេសជ្ជៈបាកាស់ចំនួន ៣០កេសដើម្បីឧបត្ថម្ភជូនកងកម្លាំង។ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមនូវអង្ករចំនួន ០១តោន និងស្រាបៀរគ្រុឌចំនួន ៥០កេស។