បើគិតត្រឹមជារូបភាពនៃការស្មគ្រ័ចិត្តក្នុងការរៀបចំពិធីផ្សេងៗ អាចនឹងសាមញ្ញ តែអ្វីដែលយើង (ស.ស.យ.ក)ធ្វើ បានបណ្តុះនូវស្មារតី និងគំនិតនៃការចេះជួយគ្នាពីមួយជំនាន់ទៅមួយជំនាន់» ។ នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងទៅកាន់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ខណៈឯកឧត្តមបង្ហាញពីឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក. ក្នុងបេសកម្មផ្តល់ត្រលប់ជូនសង្គម និងបម្រើប្រយោជន៍ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារទាំងការអភិរក្ស និងអភិវឌ្ឍ ក្នុងនោះរួមមាន៖ ការបង្កើតជាកម្មវិធីវង់តន្ត្រីខ្មែរ វេទិកាអភិវឌ្ឍសមត្ថភាព កម្មវិធីវោហាសព្ទយុវជន រួមជាមួយការគិតគូរចំពោះអនាគតប្រទេសជាតិ ជាពិសេសលើទិដ្ឋភាពបច្ចេកវិទ្យា ក៏ដូចជាបរិបទបដិវត្តឧស្សាហកម្ម៤.០ បន្ថែមលើកម្មវិធីសង្គម និងមនុស្សធម៌ជាច្រើនផ្សេងទៀត។
ទន្ទឹមនេះ ឯកឧត្តមប្រធាន ក៏បានរម្លឹកនូវគម្រូវីរៈភាពរបស់ថ្នាក់ដឹកនាំទី១ របស់ស.ស.យ.ក. ដែលបានបង្ហាញផ្លូវ និងតម្រង់ទិស ថ្នាក់នាំយុវជនជំនាន់ក្រោយ តាមរយៈបទពិសោធន៍នៃសកម្មភាពជាក់ស្តែង មិនថាការលះបង់ និងការតស៊ូពុះពារក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ បានក្លាយជាមូលដ្ឋានគ្រឹះជំរុញចិត្តក្រុមគ្រួសារស.ស.យ.ក. គ្រប់ជំនាន់ ដើម្បីបន្តស្មារតី និងសកម្មភាពទាំងឡាយ ដែលផ្តល់ជាភាពវិជ្ជមានជូនដល់សង្គម។