ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !

22

ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។

ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន យកមេឃទ្រាប់អង្គុយ ដោយមិនបានពិគ្រោះយោបល់ជាមួយសមត្ថកិច្ច របស់ក្រសួងបរិស្ថាន ហ៊ានអត្តនោម័តចេញលិខិតទៅឲ្យរោងចក្រ វីន ថាម (ខេមបូឌា) ឯ.ក. (WINTIME (CAMBODIA) CO., LTD. ដំណើរការបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ?

ការដែលកសាងអត្តចរិតមួយ ថ្លើមពាសមេឃ និងយកមេឃទ្រាប់អង្គុយ បំពានទៅលើសមត្ថកិច្ចក្រសួង របស់ខ្លួន ធ្វើការសម្រេចដោយអត្តនោម័តរបៀបថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង វានឹងបង្កើតភាពអនាធិបតេយ្យ គ្មានមេ គ្មានកើយ និងបង្កការឈឺក្បាលចំពោះអាណាព្យាបាលក្រសួងនៅថ្ងៃក្រោយជាក់ជាមិនខាន ។

ទង្វើមិនសមរម្យបែបនេះ ក្រសួងបានចេញលិខិតមួយជាបន្ទាន់ ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ ដើម្បីលុបបំបាត់ភាពអត្តនោម័តរបៀបខាងលើ និងជាការព្រមានមួយ ដើម្បីបញ្ឈប់ការប្រើតួនាទី ភារកិច្ច ជាមន្ត្រីរាជការមិនសមរម្យរបៀបនេះតទៅទៀត ។

ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ការព្រមាននេះ មិនត្រឹមធ្វើឡើងតែថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀងតែមួយប៉ុណ្ណោះទេ គឺធ្វើឡើងចំពោះថ្នាក់ដឹកនាំមន្ទីរបរិស្ថានទាំង ២៤ ខេត្ត-ក្រុង ៕