សមត្ថកិច្ចបំបែកសំណុំរឿងប៉ុនប៉ុងមនុស្សឃា..តដោយចេតនានៅស្រុកពាមរក៍ ខេត្តព្រៃវែង

38

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន និងលោកវីរៈសេនីយ៍ឯក ឆាន់ គឹមលី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្រុម៨ ភូម៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕