ពិធីបូជាសព ឯកឧត្តម ឃួន ផល្លារិទ្ធ ប្រារព្ធធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

10

ក្រោយពីបានតម្កល់សពសម្រាប់ប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា អស់រយៈពេល៦ថ្ងៃកន្លងមក សព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី បានដង្ហែយកទៅបូជា នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ពិធីបូជាសពបានប្រារព្ធធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។