ព្រះសីហនុ៖មុខសញ្ញាមេខ្លោងចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ករណីចូលទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដែលព័ត៏មានយើង ទើបទទួលបាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថនិងសមត្ថកិច្ចបរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំបំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណ២៩៥នាក់ មានស្រី១១៣នាក់ ដែលអោយឲ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋស្ថិតនៅចំណុចដីឡូតិ៍១៥ ភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ។
នៅក្នុងនោះ នាវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះថា «ដីដែលបងប្អូនកំពុងតែធ្វើសកម្មភាពកាប់ឆ្ការនេះគឺជាដីរបស់រដ្ឋដោយសុំឲ្យបងប្អូនបញ្ឈប់សកម្មភាពរុករាននិងកាន់កាប់ដោយខុសច្បាប់នេះជាបន្ទាន់ ។
ប៉ុន្តែទោះបីយ៉ាងណាក្រុមប្រជាពលរដ្ឋពុំបានស្ដាប់តាមការណែនាំរបស់សមត្ថកិច្ចឡើយ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនមុខសញ្ញាជាមេខ្លោងចំនួន១០នាក់និងបានដកហូតវត្ថុតាងជាច្រើននិងបានកំពុងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ គឺ ដើម្បីធានាកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។
កន្លងមក សកម្មភាពបទល្មើសរុករានកាប់ឆ្ការព្រៃដាំដំណាំសង់ខ្ទមនិងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ តំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ច ចុះអនុវត្ដវិធានការទប់ស្កាត់ជាបន្តបន្ទាប់ ផងដែរ តែប្រជាពលរដ្ឋ មិនបានស្តាប់ឡើយ ពោលគឺ នៅតែប្រព្រឹត្តអំពើខុសច្បាប់ ដដែល ។
យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៦និងមាត្រា៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី5ឆ្នាំទៅ១០ឆ្នាំនិងពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល ។ ចំពោះបុគ្គលប្រព្រឹត្តជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី១៥០លានរៀលទៅ២៥០លានរៀល ។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង ៕