ភ្នំពេញ:ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ធ្វើការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ តាមរយៈការរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិនៅប្រទេសកូរ៉េដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់ រួមមាន ឯកអគ្គរាជទូត រដ្ឋទូត មន្រ្តីការទូត ក្រុមហ៊ុន សាធារណជនកូរ៉េ និងសហគមខ្មែររស់នៅប្រទេសកូរ៉េផងដែរ ។
កម្មវិធីនេះបានប្រារព្ធឡើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៦ ក៏ដូចជាផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់បរទេស ហើយកម្មវិធីនេះមានការតាំងបង្ហាញសម្ភារវប្បធម៌ គ្រឿងចម្លាក់ ផលិតផលបុរាណ កន្សែងសូត្រ គំនូរ និងផលិតផលខ្មែរផ្សេងទៀត៕