ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ

11

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនសំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណទៅវិញទៅមក ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ នាពេលកន្លងមក។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការងារមួយចំនួនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។