ព្រោះតែគំ.នុំចាស់ ធ្វើឲ្យបុរស០២នាក់របួ..សធ្ងន់ និង០២នាក់ជា..ប់ខ្នោះ ករ..ណីប្រើកាំ..បិតផ្គា..ក់កា..ប់ជនរង..គ្រោះនៅស្រុកសូទ្រនិគម…

41

សៀមរាប៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២១:០០នាទី មានករណីប្រើកាំបិតផ្គាក់ដើម្បីដោះស្រាយគំនុំចាស់ខណៈជួបគូបដិបក្សកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រង់ចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយជិះម៉ូតូដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់២នាក់រួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានចំនួន២នាក់យកមកសួរនាំនៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

សមត្ថកិច្ចបានឳ្យដឹងថា ជនសង្ស័យចំនួន២នាក់ដែលបានបង្កហិង្សាដោយចេតនា ទី១-ឈ្មោះ វុទ្ធី សំណាង ហៅចំបើង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី២- ឈ្មោះ ព្រំ បាយន្ត័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ដឹកអូសលក់ ទីកន្លែងកំណើតនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ចំណែកជនរងគ្រោះទាំង០២ នាក់វិញ ទី១- ឈ្មោះ វ៉ាត់ វៀត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ័ពជ័យ ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្តសៀមរាប, ទី២-ឈ្មោះ វ៉ាត់ នាថ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទ័ពជ័យ ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបន្ថែមទៀតថា អង្គហេតុគឺនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង០០នាទី ក្រុមខ្លួនមានគ្នាចំនួន ០៦នាក់ រស់នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទាំងអស់គ្នាបានជិះម៉ូតូចំនួន ០៤គ្រឿង ចេញពីភូមិឃុំខាងលើ ឆ្ពោះទៅលេង លោតប៉ុង និងគប់ប៉េងប៉ោង នៅសាលាបឋមសិក្សាជប់ស្មាច់ស្ថិតនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ពេលទៅដល់ ពួកខ្លួនក៏នាំគ្នាលេងកំសាន្តរហូតដល់ម៉ោង ២១:០០នាទី ទើបនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ ក្នុងពេលធ្វើដំណើរតាមផ្លូវដល់ចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រាប់តែមានម៉ូតូ ០១ គ្រឿងជិះគ្នា ០២ នាក់ (មិនស្គាល់អត្តសញ្ញាណ) ក្នុងទិសដៅបញ្ច្រាសគ្នា រួចបត់តាមម៉ូតូក្រុមខ្លួនពីខាងក្រោយ ហើយបានធ្វើសកម្មភាពកាប់មកលើក្រុមខ្លួនបណ្ដាលអោយដួលម៉ូតូ និងរងរបួសធ្ងន់ ០២ នាក់ (ឈ្មោះ វ៉ាត់ វៀត រយះខ្នងប្រវែង ៥ស.ម និង ឈ្មោះ វ៉ាត់ នាថ រយះត្រគាកប្រវែង ៥ស.ម ) ។ពេលធ្វើសកម្មភាពកាប់រួចភ្លាម ក្រុមជនសង្ស័យនោះបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ក្រោយទទួលបានការរាយការណ៍ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះទាំងពីរ ក្រោមកិច្ចសហការរវាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង ព្រមទាំងប្រជាការពារ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងធ្វើការនាំខ្លួនអ្នកពាក់ព័ន្ធយកមកសួរនាំនៅអធិការដ្ឋាន នៅថ្ងៃទី១៣នេះ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ពួកគេពិតជាបានសហការកាប់ជនរងគ្រោះទាំង ០២ នាក់ ខាងលើពិតប្រាកដមែន ដោយឈ្មោះ ព្រំ បាយន្ត័ ជាអ្នកកាប់ផ្ទាល់ ហើយឈ្មោះ វុទ្ធី សំណាង ជាអ្នកបើកម៉ូតូ ។ មូលហេតុដោយសារសង្ស័យថាក្រុមជនរងគ្រោះធ្លាប់ដេញវាយមកលើខ្លួនកាលពីឆ្នាំមុន (២០២១) ។ដកហូតវត្ថុតាង កាំបិតខ្វែវដងឈើប្រវែង ៩៨សម។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕