ឃា….ត់រថយន្ត ១គ្រឿង ចេញពីតំបន់ព្រំដែនជ្រៃធំសាច់ត្រីប្រាកិន ទម្ងន់២,០០០ គីឡូក្រាម

34

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ត្រួតពិនិត្យទំនិញនាំចូលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនជ្រៃធំ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។ ទំនិញដែលបានត្រួតពិនិត្យឃើញជាក់ស្តែង រួមមាន សាច់ត្រីប្រាកិនចំនួន ៤០ បាវ ស្មើនឹង ២,០០០ គីឡូក្រាម ដោយពុំមានឯកសារបែបបទនាំចូលទេ។

ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ បានស្នើកិច្ចសហការពីមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ធ្វើការត្រួតពិនិត្យរួមគ្នា និងបានរកឃើញថា សាច់ត្រីប្រាកិនទាំងនេះវេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ ដែលធ្វើឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ផ្អែកតាមលទ្ធផលនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូត និងធ្វើការដុតកំទេចសាច់ត្រីប្រាកិនទាំងនេះចោលតែម្តង។