ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ។ នេះជាគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ដោយចាត់ទុកសន្និបាតក្រសួងមហាផ្ទៃ ថាជាឱកាសដ៏មានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចសង្កត់ធ្ងន់ថា «ពិតណាស់គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកដឹកនាំសម្របសម្រួល»។
ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ, មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ជាក់ស្ដែក្នុងរយៈពេល ៦ខែដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលថ្មីៗ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជន ឱ្យបានកាន់តែប្រសើរ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញការកត់សម្គាល់ចំពោះការរៀបចំ និងដាក់ឱ្យអនុវត្ដផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវបេសកកម្មចម្បងៗរបស់ក្រសួងមហាផ្ទៃ និងការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និង យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា«ការរៀបចំឱ្យមានផែនការយុទ្ធសាស្ដ្រនេះ គឺជាការកំណត់នូវចក្ខុវិស័យច្បាស់លាស់ និង ត្រឹមត្រូវជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ដ្រធំៗចំនួន ៦ ដោយកំណត់សូចនាករគន្លឹះជាក់លាក់ ដែលត្រូវសម្រេច ក្រោមគោលការណ៍ជាមូលដ្ឋាន ចំនួន ៥ និងអភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាល គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ត្រូវបានសម្ដេចធិបតី បង្ហាញការកត់សម្គាល់ជាវិជ្ជមានចំពោះវឌ្ឍនភាព និងការសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងនោះរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្ដើរៗ ទាំងក្នុងការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដការងារដើម្បីធានាដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេល និងចំគោលដៅនៃបញ្ហា។
តាមរយៈការកែទម្រង់នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្ដើរៗ ក្នុងការផ្ដល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការផ្ទេរមុខងារត្រូវបានធ្វើឡើងជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ដែលក្នុងនោះមានមុខងារចំនួនពីរ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយតម្រូវឱ្យមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងនីតិកាលទី៧ នេះ គឺ មុខងារក្នុងវិស័យសុខាភិបាល និងមុខងារវិស័យអប់រំ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការដឹងគុណចំពោះសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយភាពប៉ិនប្រសប់ក្នុងរយៈពេល ៦អាណត្តិ នៃរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣។
សម្ដេចធិបតី បានបន្ថែមទៀតថា សម្តេចក្រឡាហោម បានតស៊ូជម្នះគ្រប់ឧបសគ្គ និងសម្រេចបានជោគជ័យលើបេសកកម្មធំៗពាក់ព័ន្ធនឹងការចូលរួមថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការថែរក្សា ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អដែលធានាបាននូវការរស់នៅដ៏សុខសាន្ដរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោត កិច្ចប្រជុំធំៗ និងព្រឹត្តិការណ៍អន្តរជាតិនានានៅប្រទេសកម្ពុជា ដោយរលូន និងជោគជ័យ។
មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម និងត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕