លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ស្នើអង្គការតម្លាភាព ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១»ដោយយសារភ្ជាប់រឿងនយោបាយ

80

(ភ្នំពេញ)៖ លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ហ្វូតមិនដាស្រ្តី ខូអិលធីឌី និងជាប្រធានសមាគមសហគ្រិនកម្ពុជា (CWEA) បានស្នើទៅអង្គការតម្លាភាពកម្ពុជា ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារការសម្ភាសនេះ បានភ្ជាប់ទៅនឹងរឿងនយោបាយ ខុសពីឆន្ទៈនៃការសម្ភាស។

យោងតាមលិខិត ដែលផ្ញើទៅប្រធានអង្គការតម្លាភាពកម្ពុជា លោកស្រី កែវ មុំ បានថ្លែងថា ក្នុងពេល ថ្មីៗនេះក្រុមការងាររបស់អង្គការតម្លាភាពកម្ពុជាបានស្នើសុំលោកស្រី ធ្វើបទសម្ភាសជាបទយកការណ៍ ស្តីអំពីសមិទ្ធិផលរបស់ក្រុមហ៊ុនលីលី ហ្វូត។ លោកស្រី កែវ មុំ ក៏បានអនុញ្ញាតតាមការស្នើសុំ ដោយថតជាវីដេអូសម្ភាសរូបលោកស្រី និងទីតាំងក្រុមហ៊ុនលីលី ហ្វូត ដើម្បីបង្ហាញអំពីសកម្មភាពផលិត ដែលបង្កើតឡើងដោយស្នាដៃស្រ្តីខ្មែរ និងដើម្បីបង្ហាញឱ្យអន្តរជាតិបានដឹង បានស្គាល់ផលិតផលខ្មែរ ដែលមានគុណភាព និងមានស្តង់ដារ។

លោកស្រីក៏បានបន្តថា លោកស្រីគ្រាន់តែជាសហគ្រិនស្ត្រីផ្នែកវិស័យឯកជនម្នាក់ និងក្នុងនាមជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចង់ចូលរួមលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យមានភាពរីកចម្រើនរួមចំណែក ជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមធ្វើជាសសរស្តម្ភ ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជាតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ។ រាល់ការផ្តល់បទសម្ភាស ការថតវីដេអូ ព្រមទាំងខ្លឹមសារ គឺពុំសំដៅ ឬឆ្លុះបញ្ចាំងពីទស្សនៈនៃការចូលរួមគាំទ្រក្នុងរឿងនយោបាយ ឬបុគ្គលនយោបាយ ឬបក្សនយោបាយណាមួយឡើយ។

លោកស្រី កែវ មុំ បានបន្ថែមថា «ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណ ដល់អង្គការតម្លាភាពកម្ពុជា ដែលបានលើកតម្កើងតម្លៃនៃការខិតខំរបស់នាងខ្ញុំ, ប៉ុន្តែនាងខ្ញុំសូមគូសបញ្ជាក់ជូនលោកប្រធាន និងសាធារណជនជ្រាបវិញថា នាងខ្ញុំគ្រាន់តែជាសហគ្រិនដ៏សាមញ្ញមួយរូប ដែលធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រងធុរកិច្ចទទួលបានជោគជ័យ និងចង់ចែករំលែកបទពិសោធន៍ទាំងនោះដល់អ្នកឯទៀតដោយស្មោះ ដើម្បីទទួលបានជោគជ័យដូចគ្នាតែប៉ុណ្ណោះ។ ដូចនេះពិតណាស់ថា នាងខ្ញុំមិនមែនជាស្ត្រី ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា២០២១ ដូចដែលអត្ថបទរបស់អង្គការតម្លាភាពកម្ពុជា បានចុះផ្សាយនាពេលថ្មីៗនោះទេ»។

លោកស្រី កែវ មុំ បានថ្លែងទៀថា «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានអង្គការតម្លាភាពកម្ពុជាជ្រាបជាព័ត៌មាន និងស្នើសុំលុបរូបភាពនាងខ្ញុំចេញពី Trailer ដែលបានផ្សព្វផ្សាយនៅក្នុង Page Facebook របស់អង្គការតម្លាភាពកម្ពុជាក្រោមចំណងជើងថា: ស្ត្រីទាំង១០ ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០២១ ដោយក្តីអនុគ្រោះផង ហើយសូមកុំយករូបនាងខ្ញុំ ដែលជាសហគ្រិនប្រកបរបរទទួលទានស្របច្បាប់ នៅក្នុងសង្គមមួយ ដែលពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍ ទៅភ្ជាប់ជាមួយរូបភាព ឬសកម្មភាពនៃបុគ្គលនយោបាយ របស់អតីតគណបក្សសង្គ្រោះជាតិ ឬគណបក្សប្រឆាំងណាមួយឱ្យសោះ»។

លោកស្រី កែវ មុំ សង្ឃឹមថា ប្រធាននិងសហការី របស់អង្គការតម្លាភាពកម្ពុជា យល់ពីគោលបំណង និងជំហររបស់លោកស្រី និងជួយកែតម្រូវតាមសំណូមពររបស់លោកស្រី បានឆាប់រហ័សដោយការគួរ។

បញ្ជាក់ផងដែរថា ក្រៅពីលោកស្រ កែវ មុំ គឺលោកស្រី កែ ឡេង តាមរយៈលិខិតចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ក៏បានផ្ញើជូននាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញពីចេតនានៃការផ្សាភ្ជាប់លោកស្រី ទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុនផងដែរ៕