អ្នកនាំពាក្យ គ.ជ.ប ៖ ដំណើរការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ប្រព្រឹត្ត​ទៅ​ដោយរលូន

13

លោក ហ្សង ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​គូស​បញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី៥ នៅព្រឹក​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ប្រព្រឹត្ត​ទៅដោយ​រលូន​ពោល​គឺគ្មាន​ឧបសគ្គ​ឬ​អំពើហិ​ង្សា​អ្វីកើត​ឡើង​ទេ។

លោក ហ្សង ពុទ្ធា បាន​អះអាង​ទៀត​ថា ស្ថានភាព​ជារួម​អំឡុង​ពេល​បោះឆ្នោត​និង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​មានភាព​ល្អ​ប្រសើរ។ ល្អ​ប្រសើរ​នៅត្រង់​ថា អង្គបោះឆ្នោត​បំពេញ​តួនាទី​ត្រឹមត្រូវ​និង​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ ហើយ​អាជ្ញាធរ​ក៏​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​អង្គបោះឆ្នោត​ទាំង​អស់​គ្នា​សរុប១១,៧៤៧​នាក់។ អង្គបោះ​ឆ្នោត​១១,៧៤៧​នាក់នេះ​ជាអ្នក​តំណាងរាស្ត្រ​នៅ​ក្នុងតំណែង​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់នៅ​ក្នុង​តំណែង។

លោក ហ្សង ពុទ្ធា ចាត់​ទុក​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិទី៥ កាន់​តែ​មាន​ភាពល្អ​ប្រសើរបើ​ធៀប​៤​អាណត្តិមុន ហើយ​អង្គបោះឆ្នោត​កាន់​តែមាន​ភាពចាស់​ទុំ យកចិត្ត​ទុក​ដាក់ និង​មាន​ភាព​សស្រាក់​សស្រាំ​ក្នុង​ការ​ទៅ​បោះ​ឆ្នោត។

ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី៥​មាន​ការិយាល័យ​ចំនួន​៣៣​និង​៨​មណ្ឌល។ ការ​បោះ​ឆ្នោតព្រឹទ្ធសភា​នេះ មាន​គណបក្ស៤ ចូល​រួម​ប្រកួត​ប្រជែង​គ្នា ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ។

យោង​តាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះបានអាសនៈច្រើន​លើសលប់ ដោយ​ទទួលបាន​៥៥​អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣ អាសនៈ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ៕