ទីបំផុតតុលាការឃុំខ្លួនជនជាតិវៀតណាម៨នាក់ ករណីនេសាទខុសច្បាប់ស្ដីពីជលផល

92

ខេត្តពោធិ៍សាត់ ៖ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់តាមបណ្ដាញសង្គម(តេឡេក្រាម)នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះថា អ្នកនេសាទជនជាតិវៀតណាមចំនួន៨នាក់ ដែលកម្លាំងចំរុះសហការឃាត់ចាប់ខណៈកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នហើយ ដើម្បីធានា និងងាយស្រួលក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត ។

គួររំលឹកថា អ្នកនេសាទជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នខាងលើ ធ្វើឡើងបន្ទាប់កម្លាំងចំរុះសហការបង្រ្កាប ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ។

ក្រុមអ្នកនេសាទជនជាតិវៀតណាមត្រូវបានឃុំខ្លួន ទី-១ ឈ្មោះ ង្វៀង យុំាងឡុក ភេទប្រុស អាយុ ៤០ឆ្នាំ ទី-២ ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ ២០ឆ្នាំ ទី-៣ ឈ្មោះ ផាង យុំាងសាង ភេទប្រុស អាយុ ៣០ឆ្នាំ ទី-៤ ឈ្មោះ ចឹង យុំាងឡឺង ភេទប្រុស អាយុ ២០ឆ្នាំ ទី-៥ ឈ្មោះ ង្វៀង យុំាងតាយ ភេទប្រុស អាយុ ៣០ឆ្នាំ ទី-៦ ឈ្មោះ ង្វៀង យុំាងកូយ ភេទប្រុស អាយុ ១៣ឆ្នាំ បច្ចុប្បន្ន អ្នកទាំងចំនួន៦នាក់នេះ ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-៥ ឃុំកំពង់លួង ស្រុកក្រគរ ទី-៧ ឈ្មោះ វិន សាង ភេទប្រុស អាយុ ១៩ឆ្នាំ និងទី-៨ ឈ្មោះ សុខ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្ន អ្នកទាំងពីស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងនោះដកហូតវត្ថុតាងរួមមានៈ អ៊ួនកែច្នៃអូសទឹកសាបចំនួន៤វង់ សំបកបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាក ដេវ៉ូ ចំនួន៣គ្រឿង សំបកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក សាំយ៉ុង ចំនួន១គ្រឿង សំបកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា ចំនួន២គ្រឿង បច្ចុប្បន្ន រក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ៕