ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី

51

ព្រៃវែង ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ២៥ ០០០ ០០០(ម្ភៃប្រាំលានរៀល) ប្រគេនដល់ព្រះចៅអធិការវត្តសុវណ្ណមុនី សម្រាប់ចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តផងដែរ។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តសុវណ្ណមុនី នាឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសម្តែងនូវការកោតសរសើរចំពោះព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលនានាជាច្រើនបន្តបន្ទាប់ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីព្រះពុទ្ធសាសនា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ក៏បានថ្លែងអំណរគុណផងដែរចំពោះសប្បុរសជននានា ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លាក្នុងការកសាងសមិទ្ធផលនៅក្នុងទីវត្តសុវណ្ណមុនីនេះ។

បើតាមរបាយការណ៍របស់លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ បានបញ្ជាក់ថា វត្តសុវណ្ណមុនី ហៅវត្តសង្វាននេះ ត្រូវបានកសាងឡើងនៅឆ្នាំ២០០៣ ស្ថិតនៅក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយឡែកព្រះវិហារ និងក្លោងទ្វារវត្ត ត្រូវបានកសាងនៅឆ្នាំ២០១៤ ឧបត្ថម្ភថវិកាកសាងដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងសប្បុរសជននានា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ៕