ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបញ្ជាក់ច្បាស់ៗថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងការចេញបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ៖ ក្នុងនាមថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ សូមគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះចំណាត់ការនេះ ជាពិសេសនៅក្នុងជួរមន្ត្រីរាជការនៅក្នុងរាជរដ្ឋាភិបាលដែលមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រហូតដល់មានការបណ្តេញចេញពីក្របខ័ណ្ឌដែលបានអនុវត្តជាបន្តបន្ទាប់។ ហើយនេះគឺជាចំណុចល្អប្រសើរមួយអ្នកដែលមានពាក់ព័ន្ធបញ្ហាគ្រឿងញៀនត្រូវបានបោសសម្អាតចេញនៅក្នុងជួរក្របខណ្ឌនៃមន្ត្រីរាជការ។