នគរបាលអំពា.វ.នា.វពលរដ្ឋធ្លាប់បា..ត់ម៉ូតូយកឯកសារទៅផ្ទៀតផ្ទាត់ ក្រោយប.ង្ក្រា.បទីតាំងទទួលផលចោរ.ក.ម្មបានម៉ូតូ៣២គ្រឿង និងផ្លាកលេខ១១២សន្លឹក

50

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្ម រកឃើញម៉ូតូ៣២គ្រឿងគ្មានភាពប្រក្រតី និងស្លាកលេខចំនួន១១២សន្លឹក។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលក្រុមការងារព័តមានទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យម្នាក់ទៅចង្អុលបង្ហាញទីតាំងទទួលចោរកម្មខាង និងឆែករកឃើញម៉ូតូ ស្លាកលេខ និងឯកសារជាច្រើនទៀត ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់៕