ភ្នំពេញ ៖ រថយន្ដ Ford Ranger បើកបរ និងរួមដំណើរដោយយុវជនមួយក្រុម ហើយបានបើកប្រដេញគ្នា ក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាក Ford Rapter ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហើយរថយន្ត Ford Rapter ក៏មិនបានឈប់ដោះស្រាយនោះទេ ក៏បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ នៅសល់តែរថយន្ត Ford Ranger ដែលរងការខូចខាតមួយកំណាត់មុខទៅមុខលែងរួច ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស (ចំណុចស្តុបពេទ្យចិន) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ត២គ្រឿងប្រដេញគ្នា ដោយមួយគ្រឿងម៉ាក Ford Rapter ពណ៌ខ្មៅ មិនចាំស្លាកលេខ និងរថយន្តមួយគ្រឿងទៀត ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BF-1023 បើកបរ និងរួមដំណើរដោយយុវជនមួយក្រុម ។ ហើយរថយន្ដទាំង២គ្រឿងនេះ បានបើកប្រដេញយុវជនមួយក្រុមដែលជិះម៉ូតូជាច្រើនគ្រឿង និងក្នុងដៃមានកាន់ដំថ្មទៀត ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តថា ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្ដFord Rapter ក៏ជាន់ហ្រ្វ័ងឈប់ទាំងបង្ខំ ព្រោះវ៉ាក់អើជាមួយនឹងរទេះដឹកបន្លែមួយគ្រឿង ភ្លាមៗនោះរថយន្ត Ford Rangerដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ជាន់ហ្វ្រ័ងមិនទាន់រួចក៏ជ្រុលបុកពីក្រោយរថយន្ត Ford Rapter ពេញទំហឹង បណ្តាលឲ្យរងការខូចខាតមួយកំណាត់ក្រោយ ។
ចំណែករថយន្ត Ford Ranger ក៏រងការខូចខាតខ្ទេចមួយកំណាត់មុខ ដោយបែកធុងទឹក ផ្ទុះពោងសុវត្ថិភាព ទៅមុខលែងរួច ។ ភ្លាមៗនោះ គេក៏បានឃើញយុវជនភាគីខាងម៉ូតូបានយកដំថ្មគប់ទៅលើរថយន្ដ Ford Ranger រួចក៏គេចខ្លួនបាត់ស្រមោលអស់។ ចំណែកឯរថយន្ត Ford Rapter វិញ ក៏មិនបាននៅទាមទារសំណងអ្វីទេ ក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលដូចគ្នា។
ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យភ្លាមៗផងដែរ នៅនឹងកន្លែងកើតហេតុ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដោយមើលឃើញថាមិនបង្កឲ្យប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕