រដ្ឋបាលស្រុកអូររាំង នឹងចាត់វិធានការចំពោះអភិបាលរងស្រុកអូររាំងម្នាក់ ដែលដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង

16

ភ្នំពេញ៖ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងសម្រេចដាក់វិន័យរដ្ឋបាលចំពោះអភិបាលរងស្រុកអូររាំងម្នាក់ ដែលដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលស្រុកអូររាំងបានឲ្យដឹងថា ការស្នើនេះ គឺបន្ទាប់ពីបណ្តាញផ្សព្វផ្សាយ បានផ្សាយករណីលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង។ ចំពោះ អាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕