ភ្នំពេញ ៖ ប្រធាន និងបុគ្គលិក ក្រុមហ៊ុន(Fedtix business solution co.ltd ) ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ដែលជាភ្នាក់ងារសេវាកម្ម ពន្ធដារ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានចុះឆែកឆេរដើម្បីរុករកវត្ថុតាងដែលម្ចាស់ក្រុមហ៊ុនដែលគេអះអាងថាជាមន្រ្តីពន្ធដារ បានក្លែងបន្លំឯកសារកិបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈការធ្វើឯកសារបង់ពន្ធ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដើម្បីស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធី។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ ១-ឈ្មោះ ហ៊ត លីហុង ជាប្រធានគណនេយ្យ និងជាតំណាងក្រុមហ៊ុន, ២-ឈ្មោះ កាំង ប៉េងគីម, ៣-ឈ្មោះ យូ ទី និង៤-ឈ្មោះ ប៊ុន ឆ្លាត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ៩និង២០នាទីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ១៥០ ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាម អំណាចដីកាបង្គាប់ឱ្យឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ខែកុម្ភៈឆ្នាំ ២០២២របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរក្រុមហ៊ុនខាងលើដើម្បីស្វែងរកវត្ថុតាង។
ប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ និងមានការចូលរួមសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកសុខ ហេង អនុប្រធាននាយកដ្ឋានពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងដែរ។
តាមព័ត៌មានបានបង្ហើបឱ្យដឹងថា ការចុះឆែកឆេរក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានពន្ធដារបានធ្វើការស្រាវជ្រាវ ឃើញថា ម្ចាស់ក្រុមហ៊ុនបានឃុបឃិតគ្នា ក្លែងបន្លំឯកសារបង់ពន្ធដើម្បីកិបកេង ប្រាក់បង់ពន្ធរបស់រដ្ឋដែលមានទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កំុព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរ៉ា ឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿង ,ឯកសារនិងត្រាជាច្រើនទៀតព្រមទាំងឃាត់ខ្លួន បុគ្គលិកចំនួន៥នាក់យកទៅសាកសួរ ។ ចំណែកទីតាំងក្រុមហ៊ុនត្រូវបានសមត្ថកិច្ច បិទសៀលប្លុមបេជាបណ្តោះអាសន្ន។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕