ព្រៃវែង ៖ ដើម្បីបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផល កាន់តែធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោល នយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុងចំណោមគោលនយោបាយនានា របស់គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។
គោលនយោបាលជាអាទិភាពទាំង ៨ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងក្នុង ពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នាឱកាសនោះ រួមមាន ៖
ទី១. គណបក្សប្រជាជនកម្ពុជា ជ្រោងទង់មហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទី២. ថែរក្សាសន្តិភាព និងកេរដំណែលជា ប្រវត្តិសាស្ត្ររបស់គណបក្ស និងជាពិសេសភាពជោគជ័យ ក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសន៍ឯក។
ទី៣. ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អោយបានរឹងមាំ ទប់ស្កាត់ និងកម្ចាត់នូវរាល់ទម្រង់នៃនយោបាយ និងសកម្មភាព របស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងនាំកម្ពុជា ឱ្យឃ្លាតចេញពីមាគ៌ា ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ទី៤. ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆាំងដាច់ខាត រាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បន្តពង្រឹង និងពង្រីកលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំ ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរី ភាពគ្រប់យ៉ាងរបស់ប្រជាជន។
ទី៥. ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុងទីប្រជុំជន និងជនបទ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ខិតខំធានាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយផ្អែកទៅលើបាវចនា” កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” បន្តផ្តល់អាទិភាព នៃវិនិយោគសាធារណៈទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា“។
ទី៦. បន្តជំរុញការកែទ ម្រង់រដ្ឋឱ្យស៊ីជម្រៅ និងទូលំទូលាយតាមអភិក្រម” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” រួមមាន៖ ការកែទម្រង់ រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ជាដើម។
ទី៧. ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព និងភាពស្អាតស្អំ ជារដ្ឋបាលរបស់ ប្រជាជននិងបម្រើផល ប្រយោជន៍របស់ ប្រជាជនពិតប្រាកដ។
ទី៨. រក្សាស្ថិរភាពក្នុងការ រស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធ គាំពារសង្គម រួមមាន៖ ប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារ ប្រជាជនគ្រប់រូប ពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរង ហានិភ័យពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជន ណាម្នាក់ទទួលរងគ្រោះ ដោយពុំមានការយក ចិត្តទុកដាក់នៅឡើយ៕