រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ប្តេជ្ញានឹងបន្តខិតខំធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា

17

«ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងនាមអនុគណៈកម្មការគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា អនុគណៈកម្មការទី១ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានប្តេជ្ញានឹងបន្តខិតខំបន្ថែមទៀត ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការសាងសង់ កែលម្អ លើកកម្រិតគុណភាពសុវត្ថិភាពផ្លូវថ្នល់ បទដ្ឋានគតិយុត្ត និងការគ្រប់គ្រងការងារ និងមធ្យោបាយដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ។ ក្នុងនោះក្រសួងនឹងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងកៀរគរឱ្យអស់លទ្ធភាពនូវធនធានសម្រាប់ អនុវត្តសកម្មភាពការងារឱ្យបានជោគជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងរបួស និងផលប៉ះពាល់ពីគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត»។

ការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃគ.ស.ច.គ. ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្នងការ ស្នងការរង មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឳកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានបននតថាក្រសួងបាននិងបន្តជំរុញការជួសជុលថែទាំអភិវឌ្ឍផ្លូវថ្នល់ ការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវ ទឹកឱ្យស្របតាមកំណើនយានជំនិះ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាខិតខំអប់រំផ្សព្វផ្សាយ ពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ ឱ្យប្រុងប្រយ័ត្ននិងគោរពច្បាប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ហើយបន្ថែមពីនេះ ក្រសួងក៏នឹងបន្តសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍការងារពាក់ព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងនោះមាន កម្មវិធីដកពិន្ទុប័ណ្ណបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

គួរជម្រាបជូនថា កម្មវិធីប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយក្នុងនោះរួមមាន៖

*ទី១-របាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ ដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ។
*ទី២-ប្រកាសជាផ្លូវការសេចក្តីសម្រេចស្តីពីការតែតាំងសមាសភាព អនុគណៈកម្មការទី១ ទី២ និង អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ។

*ទី៣-ចំណាប់អារម្មណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជា ប្រធានអនុគណៈកម្មការទី២ លើលទ្ធផលនៃការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣។

*ទី៤-បទអន្តរាគមន៍ស្តីពី បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពិសេសពេលយប់ ដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

*ទី៥-ចំណាប់អារម្មណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. លើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ និងការលើកទិសដៅការងារឆ្នាំ២០២៤។

*ទី៦-ការដាក់ចេញនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ.

*ទី៧-ពិធីចែកប្រគល់បណ្ណសរសើរ លិខិតសរសើរ ដល់ក្រសួង ស្ថាប័ន អង្គភាព ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានស្នាដៃល្អក្នុងការចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣៕