ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់!

14

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី0២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តប្រកបដោយមោទនភាពចំពោះភាពសកម្មនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានអាយុទើបតែបានជាង៥ខែ។ ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្សនិងប្រជាពលរដ្ឋទូទៅនោះឡើយ​ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។

អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ …ទាំងនេះគឺជាលក្ខណសម្បត្តិពិសេសនិងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនិងសកម្មភាពការងារ​និងលទ្ធផលដែលទទួលបាន។

ជាការពិត ក្តីបារម្ភធំបំផុតរបស់កម្ពុជាក្នុងដំណាក់កាលផ្ទេរអំណាចឱ្យអ្នកបន្តវេនគឺ ខ្លាចក្រែងអ្នកដឹកនាំស្រករក្រោយមិនអាចរក្សាបានសមិទ្ធផលដែលសាងឡើងដោយរៀមច្បងជំនាន់មុន​ ខ្លាចក្រែងអ្នកបន្តវេនមិនអាចបោះជំហានទៅមុខដោយខ្លួនឯងបាន និងខ្លាចក្រែងអ្នកជំនាន់ថ្មីដើរខុសគន្លងដែលបានត្រួយត្រាយដោយអ្នកជំនាន់មុន។

ប៉ុន្តែ ក្តីបារម្ភនេះបានរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំដ៏គួរឱ្យជឿជាក់តាំងពីនាទីដំបូងនៃការចូលកាន់តំណែង។

សុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម ដែលជាសេចក្តីត្រូវការសំខាន់ជាងគេបង្អស់របស់កម្ពុជាត្រូវបានថែរក្សាយ៉ាងល្អបំផុត។ បន្ថែមពីលើនេះ ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ធ្លាប់បានវាយតម្លៃដោយមោទនភាពថា ក្រុមអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេសនិងការងារការទូត។

ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែ ត្រឹមតែជាង៥ខែដំបូងប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ ហួសពីការស្មាន ធៀបនិងរយៈពេលចេញដំណើរ។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលេដ្ឋខ្មែរ៕

អត្ថបទដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
👉👉👉join https://t.me/raksmeinews