នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែននបានបង្ហោះសារបញ្ជាក់ពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតថា នៅពេលនេះមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ សម្តេចតេជោក៏បានផ្តាំទៅដល់ក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ បំពុលព័ត៌មានតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។
កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។
ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។
ឆ្លៀតឱកាសនេះក៏សូមជូនសារ ទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»៕