នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានផ្តល់នូវការណែនាំ៦ចំណុច ដល់ក្រុមការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួបានជោគជ័យ ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា ខេត្ត ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលបានដាក់ការរំពឹងខ្ពស់ ទៅលើការអនុវត្តកម្មវិធីពិសេសនេះឱ្យសម្រេចបានជោគជ័យ ដែលការនេះ នឹងផ្តល់ជាមូលដ្ឋានដ៏មានសារៈសំខាន់ ជាពិសេសបទពិសោធន៍ និងមេរៀនល្អៗ សម្រាប់ការបន្តរៀបចំ និងជំរុញការអនុវត្តផែនការមេដើម្បីអភិវឌ្ឍន៍ និងជំរុញការវិនិយោគក្នុងទីតាំងសេដ្ឋកិច្ចសំខាន់ដ៏ទៃទៀតរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវការណែនាំបន្ថែមមួយចំនួន ដល់ក្រុមការងារ និង ក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងការ អនុវត្ត «កម្មវិធីពិសេស» នេះ ដូចតទៅ៖
*ទី១-ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបន្តបំពេញភារកិច្ច ដោយសកម្មក្នុងឆន្ទៈមោះមុត និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងការអនុវត្ត«កម្មវិធីពិសេស» ឱ្យសម្រេចបានជោគជ័យ និង លទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។
*ទី២-ក្រុមការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ «កម្មវិធីពិសេស»នេះឱ្យបានទូលំទូលាយ, ពន្យល់ឱ្យបានច្បាស់ និង ត្រឹមត្រូវ និងធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អដល់វិនិយោគិន និងធុរជនដែលចូលមកទាក់ទងធ្វើការងារពាក់ព័ន្ធនឹង គម្រោងវិនិយោគរបស់ខ្លួន ដើម្បីទទួលបាននូវការលើកទឹកចិត្ត ក្នុងការអនុគ្រោះ និង ការគាំទ្រនានាពីរាជរដ្ឋាភិបាល។
*ទី៣-ក្រុមការងារត្រូវខិតខំព្យាយាម មានវិធីសាស្ត្រល្អ និងបំពេញភារកិច្ច ដោយស្វាហាប់ ក្នុងការទាក់ទាញការវិនិយោគ, ការថែទាំ និងការដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមរបស់វិស័យឯកជនព្រមទាំងត្រូវផ្ដល់កិច្ចសហការជិតស្និទ្ធដល់ វិស័យឯកជន។
*ទី៤-ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំ និងចូលរួមផ្តល់កិច្ចសហការល្អ ពិសេសត្រូវផ្ដល់ការសម្របសម្រួលខ្ពស់ និងត្រូវធ្វើប្រតិភូកម្ម សិទ្ធិអំណាចពេញលេញដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី ពិសេសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងជោគជ័យក្នុងការបំពេញការងារ ។
*ទី៥-ក្រៅពីរបាយការណ៍ជាទៀងទាត់តាមកាលកំណត់ ក្រុមការងារក៏មានកាតព្វកិច្ច រាយការណ៍បន្ទាន់ដោយឥតបង្អង់ជូនដល់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំនូវការណែនាំ ឬ ការដាក់ ចេញនូវវិធានការចាំបាច់នានា សំដៅដោះស្រាយឱ្យបានទាន់ពេលនូវបញ្ហាជាក់ស្តែងនានាក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ។
*ទី៦-គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាលក្នុងស្មារតីនៃការកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសនេះ។
សូមជម្រាបថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា ខេត្ត ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច ពិភព លោក និង តំបន់ កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ៕