ភ្នំពេញ ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាប ករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥ និងបានបញ្ជូនជនសង្ស័យ លេងល្បែងស៊ីសង ៧២នាក់ទៅតុលាការ។ តាមការបញ្ជាក់របស់ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដែលមានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកឯការបង្ក្រាបទីតាំងចំនួន២៤ទៀត គឺឃាត់ខ្លួនមនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ៕