ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការ បានបន្តរម្លឹកឡើងវិញពីការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូន ប្រជាពលរដ្ឋដែលធ្វើដំណើរនិង រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទាំងអស់ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខIDA Credit,6279-KH សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។
ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកបាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ.ម ១៩ + ៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០) ដែលប្រភេទកាងារមានដូចតទៅ៖
១. ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត្រ
២. ការងារពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ ទីតាំង
៣. ការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះ ត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤ ។
រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះចាប់ផ្តើមពី ខែ ធ្នូ ឆ្នាំ២០២១ រហូតដល់ ខែ ធ្នូ ឆ្នាំ២០២៦ ។
អាស្រ័យហេតុនេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ មេត្តាអធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ដូចបានជម្រាបជូនខាងលើ និងសូមមេត្តាចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ ហើយ សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់នឹងចូលរួមដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ នេះ ទទួលបានជោគជ័យ ៕