សូមជូនចំណេះដឹងផ្នែកច្បាប់ខ្លះ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍!

45

សូមជូនចំណេះដឹងផ្នែកច្បាប់ខ្លះ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍!
ប៉ុន្មានថ្ងៃនេះ មានការលើកឡើងទៅនឹងបទចោទ បើកបរដោយធ្វេសប្រហែស លើជនសង្ស័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ នៅត្រង់ចំណុចស្ពានឫស្សីកែវ រាជធានីភ្នំពេញនាពេលថ្មីៗនេះ ថាការចោទប្រកាន់នេះស្រាលពេក។ ការលើកឡើងនេះ គឺមិនត្រឹមត្រូវទេ តាមផ្លូវច្បាប់ និង ដោយសារតែមិនបានយល់ច្បាស់អំពីទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងបទចោទនេះ។ បើផ្អែកលើ មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អំពើបើកបរក្នុងស្ថានភាពស្រវឹង និង បណ្តាលឱ្យមានមនុស្សស្លាប់ច្រើន បែបនេះ គឺអាចត្រូវផ្តន្ទាទោសក្នុងពន្ធនាគារ រហូតដល់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ពី ១០លាន រៀល ទៅ ២៥លាន រៀល បូករួមជាមួយទោសបន្ថែមមួយចំនួនទៀត ដូចជា ព្យួរបណ្ណបើកបរ និង ហាមឃាត់ការបើកបរ ជាដើម ។ល។ ដូច្នេះ ការចោទប្រកាន់បទល្មើសនេះ មិនស្រាលទេ គឺធ្ងន់ធ្ងរជាង បទមនុស្សឃាតដោយអចេតនាធម្មតាទៅទៀត។