«យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលត្រចះត្រចង់និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីគណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត។ គណបក្សប្រជាជនកម្ពុជានៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»។
នេះជាការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះរួមមានឯកឧត្តម សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ, សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា នៅខេត្តក្រចេះ មានអង្គបោះឆ្នោតសរុបចំនួន ៣០៣ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២៤៧ នាក់។ ខេត្តក្រចេះ ស្ថិតនៅមណ្ឌលភូមិភាគទី៨ រួមមាន: ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានចំនួន ៦ អាសនៈ។ បន្ទាប់ពីអស់លោក លោកស្រីជាប្រធានគណៈកម្មាធិការគណបក្សក្រុងស្រុក ជម្រាបជូនពីសភាពការណ៍នយោបាយជារួមក្នុងមូលដ្ឋានស្រុកក្រុង រួចមក ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៣ ទាក់ទងដំណើរការបោះឆ្នោត និងការធ្វើសកម្មភាពការងារនៅទូទាំង ស្រុក ក្រុងនៃខេត្តក្រចេះ ឱ្យដំណើរការទៅបានល្អ។
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មានប្រសាសន៍លើកឡើងពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសនិងប្រជាជនកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងនាំយកសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍជូនជាតិកម្ពុជា និងបានលើកឡើងថាការបោះឆ្នោតគឺជាមធ្យោបាយប្រជាធិបតិបតេយ្យតែមួយគត់ក្នុងការឡើងដឹកនាំអំណាច។ ឯកឧត្តមប្រធានក្រុមការងារបានស្នើដល់អង្គបោះឆ្នោតទាំង ២៤៧ រូប ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអាចអញ្ជើញទៅធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា៕