ក្រសួងបរិស្ថានអំពាវនាវដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ចាប់ជនល្មើសដែលបាញ់សម្លាប់កូនដំរីព្រៃ១ក្បាលយកមកកាត់ទោស

9

ភ្នំពេញៈ បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់កូនដំរីព្រៃមួយក្បាល អាយុ ៧ខែ ទម្ងន់ ២០០គីឡូ នៅក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រសួងបរិស្ថានបានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសយកមកកាត់ទោសតាមនីតិវិធីនៃច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
ជាមួយនឹងការអំពាវនាវឲ្យសមត្ថកិច្ចចាប់ខ្លួនជនល្មើស ក្រសួងបរិស្ថានក៏បានសំដែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។