ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

18

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ
ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានរំលឹកថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ។ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។

ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ ឱ្យចូលរួមចំណែកក្នុងការអប់រំបរិស័ទឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ។ នេះជាអ្វីដែលបានចូលរួម ក្នុងការថែរក្សានូវភាពសុខសាន្តក្នុងជំនឿសាសនាចំពោះអ្នកកាន់សាសនាផ្សេងគ្នា ឱ្យចៀសផុតពីការ បំផ្លាញ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារសុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍៕