នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំលើកទី ២ នេះត្រូវបានរៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីឯកសារសំខាន់ៗ ចំនួន ៣ ហេីយជាលទ្ធផល អង្គប្រជុំបានសម្រេច:
ទី១- អនុម័តជាគោលការណ៍លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈនៃមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
ទី២- អនុម័តជាគោលការណ៍លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
ទី៣- ឯកភាពជាគោលការណ៍លេីសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដេីម្បីបន្តស្នេីសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ស្របតាមនីតិវិធីជាធរមាន។
ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិចារណាក្នុងការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. នាពេលឆាប់ៗ ខាងមុខ ដើម្បីឱ្យឯកសារនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព។