នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:៣០នាទីរសៀល នៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់(គ.ជ.ក.ប.) បានចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ គ.ជ.ក.ប. បានពិនិត្យលើវឌ្ឍនភាពការងារនៃលេខាធិការដ្ឋាននៃគ.ជ.ក.ប. និងបានរកវិធីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនូវបណ្តឹងរបស់សាធារណៈជនមកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ។បន្ទាប់មក គ.ជ.ក.ប. ក៏បានពិភាក្សាផងដែរ សេចក្តីព្រាងប្រកាសស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច តាមមាត្រា២២ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។