ភ្នំពេញៈ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ ដោយឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។