ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង -ស្ថាប័ន” នេះបានបង្ហាញយ៉ាងច្បាស់អំពីឱកាសដែលយើងទាំងអស់គ្នា អាចជួបជុំគ្នាលេងកីឡា មិនត្រឹមតែសម្រាប់ការសប្បាយរីករាយ និងដើម្បីសុខភាពមិត្តភាពប៉ុណ្ណោះទេ តែវាក៏ជាការរួមចំណែករបស់យើងជាយុវជនក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជាផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ទន្ទឹមនឹងនោះការប្រកួតដែលបានរៀបចំឡើងនេះ ក៏ដើម្បីរួមចំណែកក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡាឱ្យរីកចម្រើនឡើងថែមទៀត ស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ទាំងផ្នែកបញ្ញាស្មារតី និងកាយសម្បទា ដែលនេះរួមចំណែកដល់ការលើកកម្ពស់ផលិតភាពកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
បើតាមរបាយការណ៍របស់ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ មានក្រសួង ស្ថាប័ន រហូតដល់ ៣៤ បានចូលរួមការប្រកួត។ ក្នុងនោះមាន ៣ក្រុម ដែលទើបនឹងចូលថ្មី គឺ៖ ក្រុមយុវជនក្រសួងមហាផ្ទៃ ក្រុមយុវជនក្រសួងការពារជាតិ និងក្រុមយុវជនកងរាជអាហត្ថរាជធានីភ្នំពេញ៕