ខេត្តសៀមរាប ៖ អំពើហិង្សាមួយបានកើតឡើងទាំងព្រឹកព្រលឹមចំថ្ងៃសិទ្ធិនារីអន្តរជាតិ ៨មីនាបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗដោយសារតែបុរសជាប្តីខឹងប្រពន្ធថាមិនយកចិត្តទុកដាក់នឹងក្រុមគ្រួសាររបស់ខ្លួនគ្រាដែលខ្លួនមានជំងឺ។ ជនសង្ស័យជាឃាតកក៏បានរត់ទៅកន្លែងសមត្ថកិច្ចដើម្បីសារភាពផងដែរ។
ជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ ធំ បច្ចុប្បន្នរស់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ រីឯជនរងគ្រោះជាភរិយាឈ្មោះសោ គឹមហៀង អាយុ៤២ឆ្នាំ ត្រូវប្ដីកាប់នឹងកាំបិតបុ័ងតោបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងមុខផ្ទះក្បែរកាំជណ្ដើរ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៥និង៣០នាទីព្រឹកស្ថិតនៅផ្ទះក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ប្រពន្ធឈ្មោះសោ គឹមហៀង អាយុ៤២ឆ្នាំ រស់នៅជុំគ្នាត្រង់ក បណ្តាលឱ្យស្លាប់ រួចយកភួយគ្របជនរងគ្រោះ ហើយចាក់សោទ្វារផ្ទះនិងទ្វាររបង ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្ដីក្រោយធ្វើសកម្មភាពរួចហើយក៏ជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថា ខ្លួនបានសម្លាប់ប្រពន្ធ។ ក្រោយពីទទួលព័ត៌មាននេះសមត្ថកិច្ចក៏បាននាំជនសង្ស័យ ទៅកន្លែងកើតហេតុ ហើយឃើញថាពិតជាមានមនុស្សស្លាប់ប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យយកមកសួរនាំ ។
ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតបុ័ងតោកាប់សម្លាប់ប្រពន្ធប្រាកដមែន ដោយមូលហេតុខឹងប្រពន្ធមិនសូវយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំឱ្យខ្លួនផឹកទឹកក្រូចឆ្មារសុទ្ធពេលដែលខ្លួនមានជំងឺក្រពះ ជំងឺតម្រងនោម និងកំពុង ព្យាបាល ជំងឺកូវីដ-១៩។
បន្ទាប់ពីបានសាកសួររួច សមត្ថកិច្ចក៏បាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ តែលទ្ធផល អវិជ្ជមាន ។ សមត្ថកិច្ចមិនទាន់ធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យនៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធី៕