នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាលប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមអមដំណើរលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ និងមន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ បន្តសកម្មភាពក្នុងការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ។
ឈ្លាតក្នុងឪកាសនោះលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បានមានប្រសាសន៍ឱ្យដឹងថា បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង ។ ដូច្នោះអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំបន្តបង្ក្រាប និងដាក់ចេញនូវយន្តការចុះផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ពលរដ្ឋ និងតាមសាលា និងវិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជាការ ក្រើនរំលឹកដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ។
លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ថ្ងៃនេះ នគរបាលជំនាញ បានធ្វើការពន្យល់ និងបង្ហាញដល់ក្មួយៗ សិស្សានុសិស្ស ពីចំណុចជាច្រើន នៃផលវិបាកអំពីគ្រឿងញៀន ដោយសិស្សានុសិស្ស ក៏បានផ្ដោះផ្ដងជាមួយសំណួរ និងការងឿងឆ្ងល់មួយចំនួនរបស់ពួកគាត់មកកាន់សមត្ថកិច្ចវិញផងដែរ ដើម្បីសុំការបកស្រាយបញ្ជាក់ ។
សិស្សានុសិស្ស យល់ឃើញថា ពួកគាត់បានយល់ជ្រាបកាន់តែច្បាស់ ពីចំណុចដែលពួកគាត់ពុំសូវបានដឹង លើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពីបានចូលរួមក្នុងការស្តាប់ការពន្យល់ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជាដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស គ្រួសារ និងសង្គមជាតិទាំងមូល ។
គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី០៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុងការទប់ស្កាត់ និងបង្ក្រាបវាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណះដែលបញ្ហាគ្រឿងញៀននេះ មិនមែនជួបប្រទះតែនៅក្នុងប្រទេសកម្ពុជា១នោះទេ នៅបណ្តាប្រទេសមហាអំណាចធំៗលើសកលលោក ក៏ដោះស្រាយវាមិនទាន់មានភាពល្អប្រសើរនៅឡើយនោះដែរ ៕