ឯកឧត្តម កើត រិទ្ធ÷ ​បកស្រាយចំពោះ រឿងដែលថា «ប៉ូលីសចាប់ តែតុលាការដោះលែង»

14

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​បានបកស្រាយចំពោះ រឿងដែលថា «ប៉ូលីសចាប់ តែតុលាការដោះលែង» ដោយថា ការដោះលែងមនុស្សដែលប៉ូលិសចាប់ គឺជាការអនុវត្តតាមច្បាប់ និងភាពចាំបាច់ជាក់ស្តែងប៉ុណ្ណោះ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់ នោះទើបជាជាកំហុស។
ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា “យើងត្រូវតែយកជ្រុងមួយដែលទៅហួសពីជ្រុងក្នុងនាមជាជនរងគ្រោះ ហើយបើនិយាយពីជ្រុងរឿងសិទ្ធិមនុស្សវិញ ដូចជាសំណួរដែលនិយាយពីការចង្អៀតណែនពន្ធនាគារ ប៉ុន្តែក្នុងពេលតែមួយយើងសួរថា ពេលដែលចាប់បានត្រូវបញ្ជូនទៅពន្ធនាគារទាំងអស់ ឬយ៉ាងណា នៅពេលដែលរឿងក្តីខ្លះវាមិនគប្បីត្រូវបញ្ជូនទៅពន្ធនាគារ ចឹងហើយរឿងដោះលែង ឬមិនដោះលែង គឺត្រូវផ្អែកទៅលើក្របខណ្ឌច្បាប់ទាំងអស់ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់នោះគឺជាកំហុស”។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ការឃុំខ្លួនជាគោលការណ៍ គឺទាល់តែចាំបាច់បំផុត ហើយគេអាចហៅថា យុត្តិធម៌ព្រហ្មទណ្ឌបែបទំនើប ដែលវាត្រូវបានប្រើប្រាស់ភាពចាំបាច់តែប៉ុណ្ណោះសម្រាប់ការឃុំខ្លួន ដែលក្រៅពីនោះគេមិនឃុំនោះទេ ដូចនេះហើយមានច្បាប់មួយគឺការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជំនួសឱ្យវិធានការឃុំខ្លួន ហើយចៅក្រមប្រើរឿងនេះច្រើនណាស់៕