កម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន រឹបអូសថ្នាំញៀនជិត១៦០គីឡូក្រាម ដែលបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងខេត្តស្ទឹងត្រែង

17

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិតបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភពព័ត៌មានបានបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នមាំ២០២៤ វេលាម៉ោង៣៖៤០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរស័ព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន ១គ្រឿង។ ចំណែកជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួន។

កម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង ២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕