បំបែកសំណុំរឿងឃា.តក.ម្ម កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃា.ត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនជាតិចិនពាក់ព័ន្ធនឹងករណីកម្មនៅក្រុងព្រះសីហនុ

207

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានដោយជោគជ័យនៅយប់ថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួននៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២២។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ​ និងមានការសម្របសម្រួលពីលោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ​ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានបទបញ្ជា​ កម្លាំងជំនាញ​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានសហការជាមួយកម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវរហូត​ដល់រសៀលថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២២នេះ​ ទេីបកំណត់បានទីតាំងលាក់ខ្លួន​ របស់ជនសង្ស័យ​ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចសណ្ឋាគារ​ ម៉ាន់​ស៉ីគ័ង​ ស្ថិតនៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

លោកបញ្ជាក់ថា ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ LI XIAO JIANG ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​ EG 9171185 និងបានដកហូតអាវុធខ្លី​ មួយដេីម​ ម៉ាក​ BERETTA (ប្រេីហ្គាស),​ ប្រាក់ដុល្លារសែន​ ០១ដុំ​ និងទូរស័ព្ទ​ ០១គ្រឿង។ ដោយឡែកជនរងគ្រោះមានឈ្មោះ​ LOU ZHIJIN ភេទស្រី​ អាយុ​ ៤២ឆ្នាំ​ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​ E 88842731​ បានយកខ្សែចងដៃ​,​ ចងជេីងជាប់​ ហេីយច្របាច់បំពង់ក​ នឹងផ្ទប់ផ្លូវដង្ហេីម​​ រហូតដល់ស្លាប់នៅនឹងកន្លែងកេីតហេតុ។

សូមជម្រាបថា នៅវេលាម៉ោង​ ១៖០០នាទីរសៀល​ ថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួល​ មួយកន្លែង ជាន់ទី០១​ តាមបណ្តោយផ្លូវលេខ១០២​ ក្រុម០២​ ភូមិ០៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកសម្លាប់នៅក្នុងបន្ទប់ ហើយកម្លាំងជំនាញបើកការស្រាវជ្រាវតែម្ដង។

បច្ចុប្បន្នជនដៃដល់​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហុ​ន ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕