ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន ១១,០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សូមបញ្ជាក់ថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បងប្អូនកម្មករ និយោជិត ចំនួន ១១,០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១, រោងចក្របង្គុំខ្សែភ្លើង ចំនួន ១, រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១, រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១ ៕