តើមេប៉ុស្តិ៍សង្កាត់ច្បារអំពៅ១ ពិតជាមានសិទ្ធិប្រើប្រាស់ត្រា អង្គភាពនគរបាល សំរាប់ដើរតួនាទីជាសាក្សីក្នុង កិច្ចព្រមព្រៀងជំនួញជួញដូរ រវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ដែលឬអី

61

រាជធានីភ្នំពេញ៖ បុរសដែលជាម្ចាស់កង់បីឥណ្ឌា កំពុងតែអះអាងថាខ្លួនជាជនរងគ្រោះ ដោយខ្លួនបានយកកាដគ្រីកង់បី «Pass App» ទៅបញ្ចាំនៅក្រុមហ៊ុន «អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ត្រេឌីង ឯ.ក» ស្ថិតនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ៥០០ដុល្លារ។


បុរសដែលជាម្ចាស់កង់បីឥណ្ឌារូបនោះ បានឲ្យដឹងថា៖ ខ្លួនលោកបានបង់ការប្រាក់អស់រយៈពេល ១៧ខែមកហើយ ដោយក្នុងមួយខែត្រូវបង់ចំនួន ៨៦ដុល្លារ សរុបទៅជាង ១ពាន់ដុល្លារ។ ចំណែកឯលុយដើមសរុបនៅចំនួន ៥០០ដុល្លារ ដដែល។
បុរសជាម្ចាស់កង់បីដដែលក៏បានបន្តទៀតថា៖ ដោយសារមានបញ្ហាជ្រុះបាត់កាបូបលុយ ទើបខ្លួនយឺតយ៉ាវក្នុងការបង់ប្រាក់ គឺយឺតយ៉ាវប្រមាណជា៤ថ្ងៃ តែប៉ុណ្ណោះ ស្រាប់តែក្រុមហ៊ុនទទួលបញ្ចាំនោះផាកពិន័យចំនួន២០០ដុល្លារ។
ប៉ុន្តែចំណុចដែលរសើបក្នុងករណីនេះ និងងឿងឆ្ងល់ត្រង់ម្ចាស់កង់បីឥណ្ឌាបានលើកឡើងថា៖ «ខ្លួនបានដាក់បញ្ចាំកាដគ្រីចំនួន៥០០ដុល្លារ ចុះហេតុអ្វីគ្រាន់តែបង់ការប្រាក់យឺតយ៉ាវសោះ បែរជាក្រុមហ៊ុនបានចោទថាគាត់ជាអ្នកជួលកង់បីពីក្រុមហ៊ុនទៅវិញ» [មានន័យថាម្ចាស់កង់បីឥណ្ឌាក្លាយជាអ្នកជួលកង់បីពីក្រុមហ៊ុនទៅវិញឆ្កុយ]។ ហើយខាងភាគីក្រុមហ៊ុន ក៏បានធ្វើការរឹបអូសយកកង់បីឥណ្ឌាពីបុរសរូបនោះ។
យ៉ាងណាមិញករណីខាងលើនេះក៏កំពុងតែមានការចម្រូងចម្រាសគ្នា រវាងម្ចាស់កង់បីនិងភាគីក្រុមហ៊ុន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី១ ខណៈបុរសដែលជាម្ចាស់កង់បីខាងលើ បានបន្តអះអាងថា កង់បីខ្លួនបានទិញនិងមានលិខិតស្នាមត្រឹមត្រូវមិនមែនជួលនោះទេ។
ករណីនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីភាគីក្រុមហ៊ុនបានទេ ខណៈលោក ហ៊ុន សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ១ បានឲ្យដឹងថាពេលនេះ ភាគីទាំងសងខាងកំពុងតែដោះស្រាយគ្នា។
ពាក់ព័ន្ធទៅនឹងការយកត្រាសាមុីអង្គភាព នៃនគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ ទៅប្រើប្រាស់ជាសាក្សី ក្នុងជំនួញជួញដូរឲ្យក្រុមហ៊ុនឯកជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ច្បារអំពៅ១ លោក ហ៊ុន សុផល បានឲ្យដឹងថា៖ ដោយសារក្រុមហ៊ុនមិនទុកចិត្តអតិថិជន ក្រែងលោមានបទល្មើសកើតឡើងទើបក្រុមហ៊ុនឲ្យគាត់ជាមេប៉ុស្តិ៍ធ្វើសាក្សីឲ្យ។
យ៉ាងណាការយកត្រាអង្គភាពនគរបាល ទៅធ្វើជាសាក្សី ក្នុងជំនួញជួញដូរឲ្យក្រុមហ៊ុនឯកជន ធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយចោទជាសំណួរថា៖ បើអង្គភាពប៉ុស្តិ៍ប៉ូលីសធ្វើជាសាក្សី ចុះបើឯកសារនោះ មិនមានភាពប្រក្រតី តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
ហេតុដូចនេះស្នើសុំទៅកាន់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ សូមជួយស្រាយចម្ងល់ផង តើរាល់មន្ត្រីនគរបាលជាតិ មានសិទ្ធិដើរតួនាទីជាសាក្សីដោយយកត្រា របស់អង្គភាព ទៅបោះត្រាធ្វើជាសាក្សីក្នុងកិច្ចការ លើឯកសារជំនួញជួញដូររបស់ឯកជនដែលឬទេ? ហើយបើសិនជាមានសិទ្ធិអាចធ្វើបាន ចុះពេលមានរឿងចម្រូងចម្រាស់កើតឡើងតើនរណាខ្លះជាអ្នកទទួលខុសត្រូវ?។
យ៉ាងណាមិញអង្គភាពសារព័ត៌មានយើង សុំមិនវែងញែកចំពោះឯកសារ របស់ក្រុមហ៊ុន «អេហ្វអិលដាប់បែលយូ ខា អេន ម៉ូធ័រ ត្រេឌីង ឯ.ក» និងភាគីម្ចាស់កង់បីឥណ្ឌានោះទេ គ្រាន់តែស្រមើមើលថា៖ ប្រសិនជាឯកសារក្រុមហ៊ុនខុសប្រក្រតីដូចអ្វីដែលម្ចាស់កង់បីនិយាយពិតមែន តើជោគវាសនារបស់នាយប៉ុស្តិ៍នគរបាលច្បារអំពៅ១ និងទៅជាយ៉ាងណា។

ជុំវិញនៅព័ត៌មានពលរដ្ឋដែលជាម្ចាស់កង់បីបានលើកឡើងខាងលើ អង្គភាពព័ត៌មានយើងខ្ញុំ និងរងចាំការបំភ្លឺពីគូរភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ