ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
អនុសាសន៍ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះរួមមាន ៖ ទី១. ជំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម ទី២. បន្តចូលរួមការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌ ទី៣. ពង្រឹងសមត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធទៅគ្រប់ ផ្នែកពាក់ព័ន្ធដើម្បីជួយលើកស្ទួយនូវអភិបាលកិច្ចល្អ ទី៤. ជាមួយគ្នានេះបន្តរក្សាសីលធម៌ គុណធម៌ និងបំពេញតួនាទីភារកិច្ចប្រកបដោយគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល ទី៥. បន្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ លើមូលដ្ឋាននៃការវាយតម្លៃ ទី៦. បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងទី៧. បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការជំរុញឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែសកម្មផុលផុសនៅគ្រប់គោលដៅ។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញសុទិដ្ឋិនិយមដោយសង្ឃឹម និងជឿជាក់ថា ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ នឹងបន្តគាំទ្រ ចូលរួម និងរក្សាការប្តេជ្ញាចិត្តខិតខំបំពេញការងារកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំទៅមុខ ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕