យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារបានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្រោមគម្រោងថ្នាក់ជាតិ ស្តីពីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។
ក្នុងនាមជាសិស្សក្រីក្រម្នាក់ យុវជន ឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។
ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ បានអគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឱ្យគេ មកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យផ្សេងទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។
មានដើមកំណើតមកពីខេត្តកំពង់ធំ យុវជន ឃា សុគុន មានក្តីស្រម៉ៃចង់កា្លយជាម្ចាស់អាជីវកម្មតូចមួយនៅស្រុកកំណើត ដោយយកជំនាញដែលបានសិក្សានៅភ្នំពេញជាយាន្ត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕