ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលរំពឹងឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្ស ដែលពោរពេញដោយចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ដូចនេះសូមយុវជន ជាពិសេសសិស្សនិស្សិត ត្រូវខិតខំបង្កើនចំណេះដឹងរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ។
ក្នុងពេលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែខិតខំអភិវឌ្ឍន៍ធនធានមនុស្ស និងត្រូវបានដាក់ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ធនធានមនុស្ស ភ្លើង ទឹក ផ្លូវ និងបច្ចេកវិទ្យា) ។
ឯកឧត្តម បានបន្តថា យុវជន ជាពិសេសនិស្សិតជ័យលាភីអាហារូបករណ៍ ដែលបានទៅសិក្សានៅក្រៅប្រទេសនេះ ត្រូវសិក្សាអំពីសភាពការណ៍នយោបាយ និងដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍ សម្រាប់ស្វែងយល់ អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែឈានឆ្ពោះទៅមុខ ។
ក្នុងឱកាសនោះ ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានប្ដេជ្ញាថា ពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត តាមសក្តានុពល និងជំនាញរៀងៗខ្លួន ។
គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅអូស្ត្រាលី ណូវែលហ្សេឡង់ និងបារាំង នាខែមករា ឆ្នាំ២០២៤នេះ ដោយសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនាទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោលនយោបាយសាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត ៕